ប្រជាជនដើម្បីអ្នកកាន់អំណាចឬអ្នកកាន់អំណាចដើម្បីប្រជាជន
02:04
១. តើអ្នកដឹកនាំណាខ្លះដែលបានសម្លាប់រង្គាល ចាប់រង្គាល ចោទរង្គាល ដាក់គុករង្គាលប្រជាជនខ្លួនឯង ក្រោមស្លាកស្វែងរកយុត្តិធម៌សង្គម ក្រោមស្លាកប្រជាធិបតេយ្យ និងក្រោមស្លាករក្សាសន្តិភាពសង្គម? ទ្រឹស្តីយុទ្ធសាស្រ្តមួយបានលើកឡើងថា “មនុស្សខ្លាំងអាចកាត់ក្បាលមិត្ត ឬសត្រូវដើម្បីប្រយោជន៍ខ្លួន ហើយថែមទាំងអាចធ្វើឱ្យក្បាលមិត្ត ឬសត្រូវដែលខ្លួនបានកាត់នោះនិយាយពាក្យថា <អរគុណ> ដល់ខ្លួនទៀតផង”។
២. គំនិតស្មោគគ្រោក និងទង្វើស្មោគគ្រោក គឺស្មោគគ្រោកពីព្រោះដោយសារតែចង់រក្សាកិត្យានុភាពរបស់ខ្លួន ហើយបំផ្លាញអ្នកដទៃ។ តើអ្នកណាជាអ្នកនយោបាយដែលមានគំនិតស្មោគគ្រោក? ចម្លើយគឺ នីកូឡូ ម៉ាឆៀវីលី។ តើមេដឹកនាំណាដែលស្មោគគ្រោកជាង នីកូឡូ ម៉ាឆៀវីលី ទៀតនោះ? នីកូឡូ ម៉ាឆៀវីលី (Niccolo Machiavelli) ជាអ្នកនិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា “សម្តេច” ឬជាភាសាអង់គ្លេស “The Prince”។
៣. ម៉ាឆៀវីលី បានសរសេរអំពីរបៀបដឹកនាំរដ្ឋដោយប្រើប្រាជ្ញាផង ប្រើកម្លាំងផង និងប្រើកលល្បិចផង។ ម៉ាឆៀវីលី បានបង្រៀនមេដឹកនាំរដ្ឋទាំងអស់ឱ្យត្រូវតែចេះប្រើកម្លាំងដូចជាសត្វតោ និងចេះក្រឡិចក្រឡុចល្បិចកលច្រើនដូចជាសត្វកញ្ជ្រោង។ ប៉ុន្តែកម្លាំង និងភាពក្រឡិចក្រឡុចនេះមិនមែនប្រើដើម្បីគ្រាន់តែរក្សាអំណាចយកមកបំពេញប្រយោជន៍ផ្ទាល់ខ្លួននោះទេ តែគឺដើម្បីរក្សាអំណាចយកទៅបម្រើផលប្រយោជន៍របស់ប្រជាជនទូទៅ។
៤. ម៉ាឆៀវីលី អះអាងថា “រដ្ឋអាចរំលោភច្បាប់ ឬធ្វើនូវទង្វើដែលគ្មានសីលធម៌បាន បើសិនជាវាចាំបាច់ ដើម្បីផលប្រយោជន៍ជាតិ។ អ្នកដឹកនាំត្រូវតែមានលក្ខណៈជាតោផង និងជាកញ្ជ្រោងផង។ អ្នកដឹកនាំត្រូវតែបង្ហាញចំពោះមុខរាស្ត្រឱ្យឃើញថា ខ្លួនជាអ្នកស្រឡាញ់យុត្តិធម៌ គោរពច្បាប់ និងមានសីលធម៌ ប៉ុន្តែខ្លួនមិនចាំបាច់ត្រូវតែធ្វើទង្វើដែលមានសីលធម៌គ្រប់ពេលវេលានោះទេ”។
៥. តើមេដឹកនាំណាខ្លះដែលប្រើយុទ្ធសាស្រ្តនយោបាយរបស់ ម៉ាឆៀវីលី? គឺមេដឹកនាំស.វទី២០ មានដូចជា មូស្សូលីនី (Benito Mussolini) នៃប្រទេសអីុតាលី, ហ៊ីត្លែ (Adolf Hitler) នៃប្រទេសអាល្លឺម៉ង់ ព្រមទាំងមេដឹកនាំកុម្មុយនីស្តនៃសហភាពសូវៀតដូចជា ប្លាឌីមៀ លេនីន (Vladimir Lenin) និងយូសែប ស្តាលីន (Joseph Stalin) សុទ្ធតែបានរៀនតាមម៉ាឆៀវីលី។
៦. មេដឹកនាំទាំងប៉ុន្មានខាងលើហាក់បីដូចជាមិនសម្លាប់ប្រជាជនខ្លួនឯងទេ ហើយតួយ៉ាងហ៊ីត្លែជាដើម ដែលប្រកាន់ពូជសាសន៍សម្លាប់តែពួកជនជាតិជ្វីព។ ប៉ុន្តែ តើអ្នកដឹកនាំណាខ្លះដែលបានសម្លាប់រង្គាល ចាបរ់ង្គាល ចោទរង្គាល ដាក់គុករង្គាលប្រជាជនខ្លួនឯង ក្រោមស្លាកស្វែងរកយុត្តិធម៌សង្គម ក្រោមស្លាកប្រជាធិបតេយ្យ និងក្រោមស្លាករក្សាសន្តិភាពសង្គម?
៧. គោលគំនិតរបស់ ម៉ាឆៀវីលី ត្រូវបានអ្នកខ្លះរិះគន់ថាជាគំនិតអ្នកនយោបាយដែលគ្មានសីលធម៌។ ប៉ុន្តែខ្លះទៀតយល់ថា ជាគំនិតនយោបាយដែលមានលក្ខណៈប្រាកដនិយម។ គ្មានសីលធម៌ ពីព្រោះគំនិតឃោរឃៅពេក ក្រឡិចក្រឡុចពេក ល្បិចកលពេក ប្រើកម្លាំងខ្លាំងពេក។ ប្រាកដនិយម គឺប្រាដកថានឹងបម្រើប្រយោជន៍ប្រជាជនទូទៅ ដើម្បីប្រយោជន៍ប្រជាជនទូទៅ ដោយជៀសវាងប្រយោជន៍បក្សនិយម បុគ្គលនិយមជាដើម៕
0 Comments