របស់យើង របស់គេ?
01:30
ជាទូទៅ ការចង់បានរបស់អ្នកដទៃមកធ្វើជារបស់ខ្លួន ពុំបានបញ្ជាក់ពីសេចក្តីថ្លៃថ្នូររបស់យើងឡើយ ពោលគឺដើម្បីភាពមានបាន សម្បូរសប្បាយផ្ទាល់ខ្លួន បែរជាទៅបំផ្លាញសេចក្តីសុខរបស់អ្នកដទៃ ធ្វើឱ្យគេគ្រាំគ្រាចិត្តនោះ គឺជាអំពើថោកទាបបំផុត។ ដូចករណី ចោរលួច ចោរប្លន់ ចោរឆក់... សុទ្ធតែជា បុគ្គលខ្វះការតស៊ូរស់ក្នុងភាពថ្លៃថ្នូរ សុខចិត្តទៅលួច ឆក់ ប្លន់ ទ្រព្យសម្បត្តិអ្នក ដទៃមកធ្វើជារបស់ខ្លួន ដើម្បីដោះទ័ល ឬសម្រួលជីវភាពបានមួយរយៈពេលខ្លី។ ពេលខ្លះពួកគេមានកាយសម្បទារឹងមាំ បែរជាមិនទៅធ្វើការឱ្យគេទេ ព្រោះគេគិតថាបានលុយតិចពេក ហើយហត់ទៀត តែបើទៅឆក់ ទៅប្លន់ ទៅលួច គឺម្តងៗបានលុយច្រើន អាចចិញ្ចឹមក្រពះបានមួយរយៈផងដែរ។ ស្មេរគិតថា មិនជាស្រួលដូចពួកគេគិតទេ។ ប្រទេសមានច្បាប់ អំពើលួច ឆក់ ឬកំហែងយក គឺជាអំពើខុសច្បាប់ ដូច្នេះបើគេចាប់បាន ប្រាកដជាមានទោសទណ្ឌតាមផ្លូវច្បាប់ពុំខាន។ ខ្លាចតែទៅតុលាការមិនទាន់ បែរជាតុលាការប្រជាជនកាត់សេចក្តីជាបណ្តើរៗតាមដងផ្លូវធ្វើឱ្យយើងស្ទើរក្ស័យជីវិត ឬគេតែងហៅថា “ដង្ហើមចង្រិត”។ ឈប់បានឈប់ទៅ វាមិនល្អទេ។
មួយវិញទៀត បុគ្គលខ្លះទៀតប្រើគ្រប់ស្នៀត ដើម្បីឱ្យអ្នកដទៃឱ្យអ្វីមួយទៅគេ។ ខ្លះសុំលុយគេចាយហ៊ឺហា ទាំងដែលខ្លួនពុំប្រឹងរក ទទូចស្នើសុំថ្នាក់ដឹកនាំឱ្យតម្លើងបុណ្យសក្តិទាំងដែលខ្លួនពុំបានធ្វើអ្វីសោះ សុំឡានគេជិះសម្ញែងគេឯង ទាំងដែលខ្ចី ឬជួលឡានគេសោះជាដើម។ រូបភាពបែបនេះ កើតឡើងច្រើនណាស់ក្នុងសង្គមខ្មែរ តែស្មេរយល់ថា វាល្អតែមើលទេ មិនល្អគិតឡើយ។ ការយករបស់គេធ្វើជារបស់យើង គឺជាភាពគួរឱ្យអៀនខ្មាសបំផុតហើយកាលដែលយើងទទួលយករបស់គេដោយងាយៗវារឹតតែគ្រោះថ្នាក់ថែមទៀត។ អាចជាល្បិចរបស់គេបោកប្រាស់យើង ឬមានបំណងអាក្រក់អ្វីលើយើងក៏ថាបាន តែ “គេអាចបោកប្រាស់យើងបានដោយងាយៗនោះ មិនមែនមកពីគេពូកែទេ តែមកពីយើងហ្នឹងវាល្ងង់ពេក”។
ចង់បានត្រូវខំរក ហើយការរកនេះទៀតសោត ត្រូវផ្តោតលើរបរសុចរិត កុំទៅធ្វើស្រែលើខ្នងគេ កុំឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។ “ស្រឡាញ់របស់យើងគឺសុខ បើចង់បៀមទុក្ខស្រឡាញ់របស់អ្នកដទៃទៅ”៕
_______________
*ដកស្រង់ចេញពី៖ "ទស្សនៈសង្គមក្នុងក្រសែភ្នែកយុវជន"
*ដោយ៖ កឹម ស៊ឹងសីលក្ខិណា
0 Comments