ហេតុអ្វីត្រូវបន្ទោសខ្លួនឯង?
01:33
យើងសាកពិចារណាទាំងអស់គ្នាមើល៍ ប្រសិនបើយើងធ្វើខុស ហើយយើងស្តីបន្ទោសខ្លួនឯង សួរថាតើកំហុសនោះអាចក្លាយជាត្រូវវិញបានទេ? តើវាចំណេញទេ? ក្នុងករណីបើយើងប្រឡងធ្លាក់ ហើយយើងអង្គុយយំសោកបោកខ្លួន ពួនក្នុងបន្ទប់ពីព្រឹកទល់យប់ អង្គុយស្តីបន្ទោសខ្លួនឯង សួរថាតើលទ្ធផលនៃការប្រឡងរបស់អ្នកអាចជាប់វិញទេ? ឬក៏ធ្លាក់ដដែល? បើធ្លាក់ដដែល ចូរយើងកុំពិបាកចិត្តច្រើនពេកអី យ៉ាងច្រើនណាស់យំហើយជូតទឹកភ្នែកឱ្យស្អាត ទៅលំហែអារម្មណ៍ឱ្យល្អសិន ចាំអង្គុយគិតបន្តទៀតថា តើយើងខ្វះអ្វី? ត្រូវធ្វើអ្វីបន្ត? ដាក់ផែនការសកម្មភាពដើម្បីអនុវត្តនោះទើបជារឿងត្រឹមត្រូវ។
មនុស្សភាគច្រើនរអារនឹងពាក្យថា “កំហុស” ព្រោះពួកគេគិតថា បើកាលណាខ្លួនសាងកំហុសគឺខ្លួនឯងអន់ ឬល្ងង់ជាដើម។ តាមការពិតវាពុំដូច្នេះនោះទេ អ្នកធ្លាប់ធ្វើខុស អ្នកនោះអាចនឹងធ្វើត្រូវនៅថ្ងៃណាមួយ ព្រោះកំហុសធ្វើឱ្យយើងរៀនសូត្របានច្រើន ហ៊ានសាកអ្វីដែលថ្មីៗ ខ្លាចតែធ្វើខុសហើយមិនព្រមកែកំហុស មិនទទួលស្គាល់កំហុស ទើបជាបញ្ហាចោទដែលគួរឱ្យបារម្ភនោះ។
យើងគប្បីកាត់បន្ថយការបន្ទោសខ្លួនឯងគ្រប់ពេល ព្រោះលើលោកនេះ គ្មានអ្វីដែលឥតខ្ចោះល្អគ្រប់ដប់នោះទេ។ ស្មេរយល់ថា បីជំហានដើម្បីឈានដល់ការលែងបន្ទោសខ្លួនឯងនៅពេលដែលខ្លួនធ្វើខុស។
-ជំហានទី១៖ យើងគប្បីព្យាយាមសាកល្បងភ្លក្សរសជាតិកំហុសនៃសេចក្តីចង់ចេះ ចង់ដឹងឱ្យបានច្រើន ដែលមិនមែនជាកំហុសច្រំដែល ឬការណ៍ឥតប្រយោជន៍ឡើយ ពោលគឺសាកល្បងប្រឡូកក្នុងកិច្ចការថ្មីៗប្លែកៗដែលយើងពុំធ្លាប់បានជួបពីមុនមកជាដើម។
-ជំហានទី២៖ យើងត្រូវហ៊ានទទួលយកកំហុសតែព្យាយាមលើកលែងទោសឱ្យខ្លួនឯង កាត់បន្ថយការបន្ទោសខ្លួនឯង ដើម្បីពង្រឹងជំហរ ព្រោះ “បើជំហរយើងទន់ជ្រាយ ងាយនឹងចាញ់ខ្លួនឯងណាស់”។
-ជំហានទី៣៖ យើងគួររៀនសូត្រពីកំហុសក្នុងផ្នត់គំនិតវិជ្ជមានដោយយកកំហុសទាំងនោះទៅកែខៃឱ្យមានប្រយោជន៍ ទុកជាមេរៀនជីវិតថ្មីដើម្បីដោះស្រាយបញ្ហា ឬឧបសគ្គនានា ដែលនឹងកើតមានឡើងក្នុងដំណើរជីវិតនេះ។
“ប្តូរពីការបន្ទោស ទៅជាការលើកទឹកចិត្តខ្លួនឯងវិញ ទើបយើងមានកម្លាំងគ្រប់គ្រាន់ដើម្បីខិតខំបន្តទៀត”៕
_______________
*ដកស្រង់ចេញពី៖ "ទស្សនៈសង្គមក្នុងក្រសែភ្នែកយុវជន"
*ដោយ៖ កឹម ស៊ឹងសីលក្ខិណា
0 Comments