សំឡេងអ្នកដទៃ
01:36
ពិតណាស់ មនុស្សដែលស្អប់យើងប្រាកដជាចង់ឃើញយើងបរាជ័យ ដូច្នេះពួកគេតែងព្យាយាមនិយាយមិនល្អពីយើង មើលងាយ បំបាក់ទឹកចិត្តយើង ហើយបើយើងមិនយល់ពីបំណងរបស់គេ រួចស្តាប់សម្តីគេ មកអង្គុយពិបាកចិត្ត ស្មុគស្មាញនឹងជីវិតខ្លួនឯង ហើយស្រាប់តែបរាជ័យដូចគេថាមែននោះ វាពិតជាគួរឱ្យអាម៉ាស់ខ្លាំងណាស់។ ឯមនុស្សមួយប្រភេទទៀត ប្រើតែពាក្យផ្អែមពោលសរសើរបញ្ជោរយើង តែមិនមែនចង់ឱ្យយើងល្អបែរជាចង់ប្រើប្រាស់យើងទៅវិញ។ បើយើងមិនទាន់ស្គាល់គេច្បាស់ ហើយរឹតតែមិនទាន់ស្គាល់ខ្លួនឯងច្បាស់ទៀត យើងប្រាកដជាលង់ជឿគេ នោះសម្តីរបស់គេនឹងអាចគ្រប់គ្រងយើងបានយ៉ាងពិតប្រាកដ។ ប៉ុន្តែសំឡេងខ្លះទៀតក៏មានឥទ្ធិពលជួយស្រោចស្រង់ជីវិតយើងបានផងដែរ។ មនុស្សល្អមិនដែលមានគំនិតមិនល្អមកកាន់យើងនោះទេ។ ពាក្យសម្តីដែលលោកគ្រូអ្នកគ្រូណែនាំ ប្រៀនប្រដៅ បង្ហាត់បង្ហាញសុទ្ធជាដំបូន្មានល្អៗដែលយើងអាចយកមកពិចារណាអនុវត្តតាមដើម្បីច្នៃជីវិតនេះឱ្យកាន់តែប្រសើរឡើង។ ល្គឹកណាយើងយល់ពីខ្លួនឯងបានស៊ីជម្រៅ ស្គាល់អ្នកនិយាយនោះច្បាស់ សំឡេងរបស់គេនឹងមិនអាចមានប្រសិទ្ធភាពមកលើយើងបានទេ។ បើយើងជាមនុស្សទន់ខ្សោយ សំឡេងពីខាងក្រៅងាយនឹងមានឥទ្ធិពលមកលើយើងណាស់។ ដូចនេះ ដើម្បីគ្រប់គ្រងខ្លួនឯងឱ្យចាកផុតពីការទន់ជ្រាយងាយចាញ់សម្តីអ្នកដទៃត្រូវឧស្សាហ៍ស្វែងយល់ពីខ្លួនឯង។ ការស្គាល់ពីខ្លួនឯងមានសារៈសំខាន់ណាស់ ដែលមិនមែនគ្រាន់តែឱ្យយើងអភិវឌ្ឍសមត្ថភាពបានចំទិសដៅប៉ុណ្ណោះទេ ថែមទាំងអាចទប់ទល់ជាមួយនឹងការវាយប្រហារពីអ្នកដទៃបានថែមទៀតផង ព្រោះគ្មានអ្នកណាម្នាក់ស្គាល់យើងច្បាស់ ជាជាងយើងខ្លួនឯងនោះឡើយ។
ត្រូវពង្រឹងគោលជំហរឱ្យរឹងមាំ “បើជំហរយើងទន់ជ្រាយងាយនឹងចាញ់បោកគេ ងាយនឹងឱ្យគេអូសទាញបានណាស់”។ ពិសេសគួរកុំចំណាយពេលជាមួយសំឡេងពីខាងក្រៅច្រើនពេក ព្រោះនោះជាការលើកឡើងរបស់គេទេ តែត្រូវនៅកៀកៗនឹងបេះដូងខ្លួនឯង យកចិត្តទុកដាក់ស្តាប់សំឡេងពីខាងក្នុងរបស់យើងដែលពោរពេញទៅដោយក្តីសង្ឃឹម កម្លាំងចិត្ត ក្តីស្រលាញ់ដែលយើងមានចំពោះខ្លួនឯង ព្រោះវាជាសំឡេងដ៏បរិសុទ្ធដែលគ្មានអ្នកណាម្នាក់អាចផ្តល់ឱ្យយើងបាន។ "សំឡេងពីខាងក្រៅ គឺមិនមែនជាសំឡេងរបស់យើងទេ កុំខ្វល់ខ្វាយច្រើនពេក សង្វេគជីវិតខ្លួនឯងវិញ" តែក៏ពុំគួរទាត់ចោលទាំងស្រុងនូវសំឡេងពីក្រៅដែរ ព្រោះសំឡេងពីក្រៅខ្លះអាចដាស់សា្មរតីយើងបាន៕
_______________
*ដកស្រង់ចេញពី៖ "ទស្សនៈសង្គមក្នុងក្រសែភ្នែកយុវជន"
*ដោយ៖ សុផានី ច័ន្ទតារា
0 Comments