ល្បិចបុរសនិងមាយានារី‬

១. មនុស្សប្រុសជាច្រើនតែងសម្លឹងមើលទៅមនុស្សស្រីប្រៀបដូចជាសៀវភៅអានអ៊ីចឹង។ បើគម្របខាងក្រៅមិនស្អាតឆើយឆាយទាក់ទាញភ្នែកទេ គឺថាមនុស្សប្រុសក៏នឹងមិនចំណាយពេលវេលាឥតប្រយោជន៍ ដើម្បីស្វែងយល់ពីចិត្តខាងក្នុងរបស់នារីឱ្យកាន់តែស៊ីជម្រៅថែមទៀតនោះដែរ។
២. ក្នុងរឿងស្នេហារវាងបុរសនិងនារីតែងមានល្បិចដាក់គ្នាទៅវិញទៅមុខ។ នារីដឹងថាជាលក្ខណៈធម្មជាតិ បុរសភាគច្រើនចូលចិត្តស្រីស្អាត ទើបស្ទើតែគ្រប់នារីទាំងអស់ខិតខំតុបតែងខ្លួនបន្លំភ្លែកធ្វើឱ្យបុរសឈ្លក់វង្វេងនឹងរូបសម្រស់ខាងក្រៅរបស់ខ្លួន។ ចំណែកបុរសវិញ ដឹងច្បាស់ថាស្ទើរតែនារីភាគច្រើនប្រាកដជាលង់វង្វេងនឹងវោហារនៃពាក្យលួងលោម ប្រលោមស្នេហ៍ និងសម្តីផ្អែមល្អែមរបស់ខ្លួន។ ដូច្នេះហើយ អណ្តាតរបស់បុរសប្រៀបដូចជាមន្តខ្មៅដែលធ្វើឱ្យនារីភាគច្រើនលង់ជឿតាមអារម្មណ៍រំជើបរំជួល។
៣. ថ្ងៃមួយមាននារីម្នាក់និយាយមកកាន់ខ្ញុំថា “បងប្រុសមានរូបរាងមុខមាត់មិនអាក្រក់ប៉ុន្មានទេ ហើយបើតុបតែងខ្លួនឱ្យសង្ហារថែមបន្តិចទៀត គឺរឹតតែប្រសើរ”។ ខ្ញុំតបថា “ខ្ញុំចង់រៀនសិន”។ នាងសួរបន្តថា “រវាងការសិក្សា និងការតុបតែងខ្លួនឱ្យស្រស់សង្ហារ តើវាមានការពាក់ព័ន្ធនឹងគ្នាដូចម្តេច?” ខ្ញុំតបថា “បុរសសង្ហារដែលមានវិជ្ជា គឺជាទីប្រាថ្នារបស់នារីគ្រប់រូប ហើយនារីស្អាត បើទោះបីជាមានវិជ្ជាក្តីឬពុំមានក្តី គឺផ្កាដែលកន្លង់គ្រប់ប្រភេទចោមរោមក្រេបលំអង”។
៤. តើនារីណាខ្លះដែលមានបេះដូងដែកថែប ទប់ទល់ ឬអាចធ្វើមិនដឹងមិនឭនឹងកម្លាំងនៃសេចក្តីស្រឡាញ់របស់បុរសបាននោះ? ខ្មែរយើងនិយាយថា “វក់វីនឹងប្រុស អស់ព្រហ្មចារីយ៍ ហើយវក់វីនឹងស្រីខ្លីវិជ្ជា”។ មានតែការសិក្សាអប់រំនិងវិជ្ជាប្រកបដោយសីលធម៌ប៉ុណ្ណោះ ទើបធ្វើឱ្យមនុស្សអាចពាល់ត្រូវសេចក្តីស្រឡាញ់ពិតប្រាកដ។ សេចក្តីស្នេហាក្លាយក្លែងតែងនាំមកនូវសេចក្តីឈឺចាប់ តែសេចក្តីស្នេហាពិតតែងនាំមកនូវសេចក្តីសុខ៕

Post a Comment

0 Comments