យុវជនទំនើបកំុជាន់ដានចាស់
01:50
១. សង្គមមួយដែលរីកចម្រើនឬអន់ថយ តែងពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណី របៀបរបរស់នៅរបស់មនុស្សម្នាក់ៗ។ មនុស្សម្នាក់ៗមានឥរិយាបថបែបណា វាគឺជាសញ្ញាបង្ហាញពីព្រេងវាសនាអនាគតរបស់ជននោះ។ មនុស្សក្នុងសង្គមមានជោគវាសនាល្អ ជាហេតុនាំឱ្យសង្គមទាំងមូលរីកចម្រើនកើនទៅមុខ។ ខ្ញុំនៅតែពិចារណានូវគតិបណ្ឌិតរបស់ លីក្វាន់ យូ ជានិច្ចដែលថា “វប្បធម៌ គឺជាជោគវាសនា ឬ Culture is destiny”។២. បើខ្ពស់ គឺខ្ពស់កប់ពពក តែមកជ្រកក្រោមអាចន៍ជន្លេន។ បញ្ហាធំបំផុតរបស់ខ្មែរតាំងពីដើមរហូតមកដល់ឥឡូវ គឺបែកបាក់សាមគ្គីផ្ទៃក្នុង។ បញ្ហានៃការបែកបាក់សាមគ្គី គឺដោយសារខ្មែរលែងសូវទុកចិត្តគ្នា និងគ្មានភាពស្មោះត្រង់ចំពោះគ្នា។ នៅក្នុងសៀវភៅមួយនិពន្ធដោយជនបរទេសដែលមានចំណងជើងថា “ជំងឺកម្ពុជា” បានសរសេររិះគន់ឥរិយាបថប្រជាជនខ្មែរថា “ប្រជាជនខ្មែរលែងទុកចិត្តគ្នាទៅវិញទៅមក ហើយលើសពីនេះខ្មែរអាចទម្លាក់កំហុសទៅលើជនខ្លះក្នុងចំណោមជនរួមជាតិរបស់ខ្លួន”។
៣. ការបែកបាក់សាមគ្គីរបស់ខ្មែរនេះ ធ្វើឱ្យខ្ញុំនឹកឃើញដល់អ្នកប្រាជ្ញខ្មែរម្នាក់ គឺភិរម្យភាសា អ៊ូ (ហៅ ង៉ុយ) ដែលលោកពោលថា “កើតអន្តរកប្ប គុំសម្លាប់គ្នាបងប្អូន មិនដឹងតាដឹងដូន សូន្យសីលទាន មិនមានសល់”។ ភាពប្រទាញប្រទង់គ្នានៃការប្រកាន់មនោគមវិជ្ជារបស់មេដឹកនាំខ្មែរ បានធ្វើឱ្យប្រជាជនខ្មែរស្លាប់មិនតិចនាក់ទេក្នុងរបបនីមួយៗ។ យើងតែងប្រើពាក្យអប់រំអ្នកបន្តវេនថា “ទំពាំងស្នងឫស្សី” តែខ្ញុំយល់ថា “ត្រីពិបាកហែលលើគោកខ្លាំងណាស់ ពីព្រោះតែវប្បធម៌ចាក់ស្រែះពីអតីតកាល”។ មនុស្សម្នាក់កើតចេញពីផ្ទៃម្តាយភ្លាម គឺត្រូវរស់នៅក្នុងប្រអប់វប្បធម៌បែបនេះ។ យុវជនគួររៀនរស់នៅបញ្ជ្រាសនឹងវប្បធម៌សង្គមបន្តិច ទើបអាចដល់ត្រើយសាមគ្គី។ បើមិនប្រឹងហែលបញ្ជ្រាសវប្បធម៌ដែលដិតដាមពីសង្គមចាស់ទេ គឺនឹងមានគ្រោះថ្នាក់ទាំងអស់គ្នា៕
____
ប្រភពអត្ថបទ៖ ប្រិតិទិនទស្សនៈ ៣៦៥ថ្ងៃ
0 Comments