- ប្រវត្តិល្ខោនយីកេ

បើតាមប្រសាសន៍របស់អ្នកគ្រូ អ៊ុយ លតាវណ្ណ គ្រូបង្ហាត់យីកេនៅអង្គការសិល្បៈខ្មែរអមតៈថា ល្ខោននេះអាចមានប្រភពមកពីកោះ ជ្វា។ អ្នកគ្រូបានរៀបរាប់ពីប្រវត្តិទម្រង់ល្ខោនយីកេថា មានប្រវត្តិទាក់ទងនឹងប្រវត្តិសាស្ត្រច្រើន ហើយតាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវបានលើកឡើងថា អាចមានប្រភពមកពីកោះជ្វា ក្នុង អំឡុងគ.ស ៨០២ ដោយផ្អែកទៅលើទំនាក់ទំនងពីបុព្វកាល។
ដូចគ្នានេះដែរតាមសៀវភៅយីកេ និងល្ខោនបាសាក់ របស់លោក ពេជ្រ ទុំក្រវិល ឆ្នាំ ១៩៩៧ បង្ហាញសេចក្តីសន្និដ្ឋានថា ទម្រង់ល្ខោនយីកេនេះអាចមានប្រភពមកពីកោះជ្វា ឬម៉ាឡាយូ ហើយថាល្ខោននេះមានប្រភេទល្ខោនរាំផងច្រៀងផង។
កត្តាដែលគេបានលើកឡើងដូច្នេះព្រោះមានទឡ្ហីករណ៍ ៥ចំណុច គឺ ប្រវត្តិសាស្ត្រ របៀបសម្តែង ចម្រៀង ការតុបតែងកាយ និងឧបករណ៍ស្គរយីកេជាដើម។ ចំណុចប្រវត្តិសាស្ត្រទំនាក់ទំនងខ្មែរ និងចាម អាចមានតាំងសតវត្សទី១ នៃ គ.ស។ ចំណែកកត្តាចម្រៀងដែលប្រើក្នុងការសម្តែងយីកេ មានបទម៉ារីយឹង ដែលដូចគ្នាសុទ្ធសាធទៅនឹងបទធម្មស្មូតរបស់ចាម។

ចំពោះការតុបតែងខ្លួនក្នុងពេលសម្តែងតាមសៀវភៅយីកេ និង ល្ខោនបាសាក់ របស់លោក ពេជ្រ ក្រទុំវិល ឆ្នាំ ១៩៩៧ បានរៀបរាប់ថា មានលក្ខណៈដូចគ្រឿងលម្អនៅលើក្បាលដូចជាគ្រឿងលម្អសក់របស់ស្ដេចចាម។ ចំណែកស្គរយីកេក៏ជាឧបករណ៍មួយដែលមានរូបរាងប្រហាក់ប្រហែលទៅនឹងស្គរសក្ការៈ ចាមជ្វា (របាំរាំថ្វាយអាទិទេព) ឬពិធីរៀបការចាមជ្វា គេឃើញមានប្រើស្គរយីកេនេះ។ ចំណុចមួយទៀតរបៀបសម្តែងយីកេពីបុរាណ គេសម្តែង មានលក្ខណៈដូចអង្គុយដំកង់ ហើយវាក៏ដូចទៅនឹងជនជាតិចាមអង្គុយដំកង់សូត្រធម៌ ដោយមានការវាយស្គរផង។
ទោះជាយ៉ាងណាក៏ដោយសារល្ខោនយីកេបានចូលក្នុងសង្គមខ្មែរជាច្រើនទសវត្សរ៍ ក៏ធ្វើឲ្យមានការប្រែប្រួលទៅជាមានលក្ខណៈខ្មែរ។ កាលបើស្ដាប់បទចម្រៀងយីកេ មានពាក្យមួយចំនួន ជាពិសេស ពាក្យឡាំ ឬ ពាក្យបន្ទរ ជាគឺពាក្យមិនអាចពន្យល់ ឬក៏មិនអាចកំណត់ថាជាភាសាជាតិសាសន៍ណាមួយឲ្យច្បាស់លាស់នោះទេ។


0 Comments