
ចំណុចខ្លាំង ជាអ្វីដែលយើងចេះច្បាស់លាស់ ស្ទាត់ជំនាញ មានភាពប៉ិនប្រសប់ដែលធ្វើឱ្យយើងមានភាពលេចធ្លោរដោយសារតែយើងមានសមត្ថភាពខ្ពស់។ ដោយឡែក “ចំណុចខ្សោយពុំមែនជាចំណុចខ្វះខាតនោះទេ តែជាចំណុចដែលយើងមិនទាន់ខ្លាំងគ្រប់គ្រាន់ដែលទាមទារការយកចិត្តទុកដាក់និងពង្រឹងបន្ថែមឱ្យបានច្រើនទៅតាមអ្វីដែលយើងអាចធ្វើទៅបាន”។ ការស្គាល់ពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួនឯងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ព្រោះទាក់ទងនឹងការសិក្សារៀនសូត្រ ការជ្រើសរើសការងារដែលយើងមានសក្កានុពលទៅនឹងឧបនិស្ស័យរបស់យើង។ នៅពេលដែលយើងរកចំណុចខ្លាំងរបស់ខ្លួនឯងឃើញ យើងនឹងបានប្រើប្រាស់វាឱ្យសមស្របទៅនឹងអ្វីដែលយើងត្រូវការយកវាធ្វើជាស្ពានដើម្បីខិតទៅជិតគោលដៅដែលយើងកំណត់ទុក។ មនុស្សជាច្រើនយល់ច្រលំថា ចំណុចខ្សោយជារឿងមិនល្អ តែតាមពិតទៅវាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សម្នាក់ៗទៅវិញ។ ការរកឃើញភាពខ្វះខាតផ្ទាល់ខ្លួន ធ្វើឱ្យខ្លួនឯងស្គាល់ខ្លួនឯងកាន់តែច្បាស់ លែងវិលវល់អណ្តែតទៅក្នុងភាពមិនច្បាស់លាស់នៃខ្លួនឯង។ នៅពេលដែលយើងរកចំណុចមិនទាន់ខ្លាំងឃើញ គឺស្មើនឹងយើងរកចំណុចខ្លាំងឃើញរួចទៅហើយ ព្រោះអាចនិយាយបានថាក្រៅពីចំណុចខ្សោយសុទ្ធតែជាចំណុចខ្លាំង នោះយើងនឹងអាចប្រើវាឱ្យអស់ពីសមត្ថភាព និងលទ្ធភាពឆ្ពោះទៅរកវិថីជោគជ័យនៅពេលខាងមុខ។ ពិសេសជាងនេះទៅទៀត ការរកឃើញចំណុចខ្សោយខ្លួនឯងបាននឹងធ្វើឱ្យយើងប្រើពេលវេលា និងថាមពលឱ្យចំទិសដៅ ដើម្បីពង្រឹងបន្ថែម និងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាលំដាប់ប្រកបដោយប្រសិទ្ធភាព។ វាមិនខុសនោះទេ ដែលមនុស្សភាគច្រើនច្រើនតែផ្តោតសំខាន់ទៅលើអ្វីដែលពួកគេបានបានចេះ បានដឹង ក៏ដូចជាយល់ច្បាស់រួចហើយ ព្រោះវាងាយស្រួលក្នុងការរៀនអ្វីដែលយើងពូកែស្រាប់ ជាជាងអ្វីដែលយើងមិនចេះ។ ប៉ុន្តែតើយើងសុខចិត្តបោះបង់អ្វីដែលមិនចេះវាចោលឬយ៉ាងណា? ឧបមាថា អ្នកខ្លាចខ្ពស់តែអ្នកដឹងថានៅខាងលើនោះមានទេសភាពស្រស់ផូរផង់គួរជាទីគយគន់យ៉ាងក្រៃលែង តើអ្នកនឹងបោះបង់ឱកាសមួយនេះដោយសារតែពាក្យថា "ខ្លាច" ឬក៏អ្នកនឹងព្យាយាមធ្វើយ៉ាងណាដើម្បីកាត់បន្ថយភាពខ្លាច ដើម្បីឡើងដល់ទីខ្ពស់នោះ?
អ្វីគ្រប់បែបសព្វយ៉ាងសុទ្ធតែកើតចេញពីការខិតខំរៀនសូត្រ ការជម្នះរាល់ឧបសគ្គ ការស្វែងរកចំណុចខ្សោយ និងការបន្តអភិវឌ្ឍសមត្ថភាពដោយឥតលក្ខខណ្ឌ។ ទទួលស្គាល់ថាការចាប់ផ្តើមពីចំណុចសូន្យទៅមួយរយ មិនមែនជារឿងងាយស្រួលឡើយ តែមិនមែនមានន័យថាយើងធ្វើមិនបានឯណា? ដូច្នេះ “រកឃើញចំណុចខ្សោយ គឺរកឃើញចំណុចខ្លាំង”៕
_______________
*ដកស្រង់ចេញពី៖ "ទស្សនៈសង្គមក្នុងក្រសែភ្នែកយុវជន"
*ដោយ៖ សុផានី ច័ន្ទតារា
*ដកស្រង់ចេញពី៖ "ទស្សនៈសង្គមក្នុងក្រសែភ្នែកយុវជន"
*ដោយ៖ សុផានី ច័ន្ទតារា


0 Comments