សៀវភៅបេះដូងឬសៀវភៅខួរក្បាល?



១. សៀវភៅខ្លះនិពន្ធឡើងសម្រាប់ប្រភេទអ្នកអានដែលប្រើបេះដូង ហើយសៀវភៅខ្លះទៀតនិពន្ធឡើងសម្រាប់ប្រភេទអ្នកអានដែលប្រើខួរក្បាល។

២. បេះដូងមានលក្ខណៈអស្ចារ្យជាងខួរក្បាលនៅត្រង់ថា បេះដូងអាចពាល់ត្រូវនូវអារម្មណ៍នៃសេចក្តីស្រឡាញ់។ ក្នុងអត្ថិភាពជាមនុស្សនៅលើផែនដីនេះ គ្មានបុគ្គលណាម្នាក់ឆ្គួតវង្វេងដោយសារតែខ្លួនមានចំណេះដឹងច្រើននោះទេ តែមនុស្សភាគច្រើនឆ្គួតវង្វេងដោយសារតែគ្រប់គ្រងបេះដូងខ្លួនឯងពុំបាន។

៣. យុវជនដែលចង់ដើរទៅមុខលឿនជាងអ្នកដទៃ និងចង់ខ្លាំងជាងអ្នកដទៃ ត្រូវអានសៀវភៅដែលអាចផ្តល់ចំណេះដឹងដល់ខួរក្បាលឱ្យច្រើន។ ពេលដែលមានចំណេះដឹងជ្រៅជ្រះ យើងនឹងយល់ច្បាស់ថា តាមពិតការរស់ដោយបញ្ញា និងរស់ដោយមានគោលការណ៍ គឺមានតម្លៃជាអមតៈ។

៤. ផ្ទុយទៅវិញ ក្នុងស្ថានភាពជាយុវវ័យ បើយើងបណ្តោយឱ្យបេះដូងគ្រប់គ្រងខ្លួនប្រាណទាំងស្រុង គឺមានន័យថាយើងជាមនុស្សដែលរវល់ចងរវល់ស្រាយ។ ពាក្យថា “រវល់ចងរវល់ស្រាយ” នៅទីនេះ គឺមានន័យថាចិត្តយើងវក់វីរនឹងរឿងទុក្ខ រឿងសោក រឿងសប្បាយ និងមានអារម្មណ៍រវើររវាយ គ្មានពេលរៀនសូត្ររហូតដល់ដើរថយក្រោយ ឬដើរយឺត ឬដើរមិនទៅមុខ។

៥. យុវជនដែលចេះគ្រប់គ្រងចិត្តខ្លួនឯងបានទាំងខ្លួននៅវ័យក្មេង គឺជាមនុស្សអស្ចារ្យខ្លាំងបំផុត។ យុវជនបែបនេះហៅថា “មនុស្សចាស់ទុំ”។ មនុស្សចាស់ទុំមានន័យថា ពុំរំជើបរំជួលនឹងរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងចំពោះខ្លួនឡើយ។ បើខ្លួនមានចំណេះដឹង ក៏គ្មានចិត្តអំណួត។ បើខ្លួនចាញ់ប្រៀបអ្នកដទៃ ក៏ពុំអស់សង្ឃឹម។ បើខ្លួនជោគជ័យ ក៏ពុំដាច់បង្ហៀរ។ ចិត្តនឹងន ចិត្តមានជំហរ ចិត្តស្ងប់ ចិត្តដែលអត់ធ្មត់ ចិត្តដែលប្រឹងប្រែងដើរទៅមុខជាមួយនឹងបុព្វហេតុនៃជីវិត៕

Post a Comment

0 Comments