ឱ្យទានមនុស្សដែលកេងចំណេញពីអ្នក?
01:39
ការរៀនឱ្យទានជាការផ្ដល់ឱ្យនូវអ្វីដែលយើងមានអាចជាសម្ភារៈ ថវិកា ទុនគំនិតជាដើម ដើម្បីឱ្យទៅកាន់អ្នកទាំងឡាយដែលខ្វះខាត។ ការដែលយើងចេះលះបង់ ផ្ដល់ឱ្យអ្នកដទៃ គឺជាការបង្កើតសេចក្ដីសុខពិតប្រាកដ ហើយជាសេចក្ដីសុខដែលកើតចេញពីបេះដូងដ៏ផូរផង់របស់យើងថែមទៀត។ ក៏ប៉ុន្តែ តើមានសេចក្ដីសុខទេពេលយើងឱ្យទានមនុស្សដែលកេងចំណេញពីយើង? សុខ ឬទុក្ខ យើងជាអ្នកកំណត់ដោយខ្លួនឯង តែសួរថា យើងសុខចិត្តឱ្យមនុស្សដែលកេងចំណេញពីយើងជាចំណែកដែលធ្វើឱ្យជីវិតរបស់យើងជួបទុក្ខឬ? “លះបង់បានលះបង់ចុះ ដើម្បីសេចក្ដីសុខ”។ ការបាត់បង់ដែលមិនបានធ្វើឱ្យប៉ះពាល់ដល់យើង និងមនុស្សដែលយើងស្រលាញ់ ទុកវាជាទានចុះ ដើម្បីឱ្យរស់នៅក្នុងស្ថានសួគ៌នៃសេចក្ដីសុខ ហើយផ្ដល់មេត្តាដល់អ្នកចង់ចំណេញពីយើង ជាជាងការស្អប់។ នៅយប់មួយ បុរសម្នាក់ត្រូវការទិញកាតទូរសព្ទយ៉ាងខ្លាំង ដើម្បីទាក់ទងទៅកាន់បងប្អូនដែលស្នាក់នៅមន្ទីរពេទ្យ តែកាតមួយដុល្លារ មានតម្លៃប្រាំពាន់រៀល គាត់គិតមួយសន្ទុះ ទើបសម្រេចចិត្តទិញ។ នៅពេលគាត់ទៅដល់មន្ទីរពេទ្យ គាត់រអ៊ូ និយាយដដែលៗពីរឿងទិញកាតទូរសព្ទប្រាប់បងប្អូនដោយកំហឹង ហើយធ្វើឱ្យបរិយាកាសបែរទៅជាអួរអាប់ តែម្តាយរបស់គាត់ក៏បាននិយាយកាត់ ហើយប្រាប់គាត់ថា “ការបាត់បង់ដែលកូនបានជួប ពេលខ្លះទុកវាជាទានចុះ ដើម្បីឱ្យកូនចេះគ្រប់គ្រងអារម្មណ៍ និងមានសេចក្ដីសុខ”។ ក៏ប៉ុន្តែយុវជនម្នាក់ចង់កេងចំណេញពីយុវនារី “ក” ពោលគឺចង់បានខ្លួនប្រាណនាង។ តើនារី “ក” សុខចិត្តដាក់ទានទេ? -ពុំគួរទេ!
នៅមានរឿងជាច្រើនដែលយើងអាចនឹងជួបក្នុងជីវិត ដែលយើងនឹងត្រូវបានគេកេងចំណេញតាមរូបភាពផ្សេងៗ។ យើងត្រូវចាត់ទុកថា លះបង់បានលះបង់ចុះ ដើម្បីសេចក្ដីសុខរបស់យើង តែ “បើការកេងចំណេញ ធ្វើឱ្យយើងខូចខាតអ្វីនោះ យើងក៏ពុំគួរលះបង់ដែរ”៕
_______________
*ដកស្រង់ចេញពី៖ "ទស្សនៈសង្គមក្នុងក្រសែភ្នែកយុវជន"
*ដោយ៖ ប៊ន ប៊ុនឈាង
0 Comments