ប្រទេសថៃ៖ យោងតាមប្រភពព័ត៌មានពីប្រទេសថៃបានចុះផ្សាយកាលពីពេលថ្មីៗនេះថា មានកំពូលមាន់ជល់មួយក្បាលមានគេហ៊ានទិញក្នុងតម្លៃរហូតដល់ ២០ លានបាត (៦០ម៉ឺនដុល្លារ) ប៉ុន្តែម្ចាស់របស់វានៅតែមិនព្រមលក់ ព្រោះគាត់ស្រលាញ់មាន់នេះខ្លាំងណាស់។

ប្រភពដដែលបានឲ្យដឹងថា ស្តេចមាន់ជល់មួយក្បាលនេះមានឈ្មោះថា Chao Hong Thong គឺជាប្រភេទមាន់ជល់ពូជកម្រ និងមានកន្ទុយវែងប្រមាណមួយម៉ែត្រ។
ម្ចាស់របស់វាមានឈ្មោះថា Choeybanditthakul បានចិញ្ចឹមវានៅភូមិ Bang Phli ក្នុងខេត្ត Samut Prakan ប្រទេសថៃ។
លោក Sunthorn ដែលជាប្រធានសហព័ន្ធស្នុកឃ័រប្រចាំប្រទេសថៃបានសុំទិញស្តេចមាន់ជល់មួយក្បាលនេះ គាត់ហ៊ានឲ្យតម្លៃដល់ទៅ ២០ លានបាត (៦០ម៉ឺនដុល្លារ) ប៉ុន្តែអ្នកស្រី Bussarin ដែលជាម្ចាស់ស្តេចមាន់មិនលក់ឲ្យទៅគាត់ទេ។

អ្នកស្រី Bussarin បាននិយាយថា ៖
“ចាប់តាំងពីខ្ញុំចិញ្ចឹម Chao Hong Thong នេះមក វាតែងតែផ្តល់សំណាងឲ្យខ្ញុំ ហើយខ្ញុំស្រលាញ់វាប្រៀបដូចជាកូនបង្កើតរបស់ខ្ញុំអីចឹង។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ វាបានបង្កាត់ពូជមាន់ជល់ជាច្រើនផ្សេងទៀត ដែលជួយឲ្យខ្ញុំ និងគ្រួសារខ្ញុំរកលុយបានរាប់លានបាតផងដែរ។”
ប៉ុន្តែអ្នកស្រី Bussarin យល់ព្រមលក់មាន់ជល់របស់ខ្លួនមួយក្បាលទៀត មានឈ្មោះថា Chao Hong Fah ដែលជាពូជកម្រដូចគ្នា ប៉ុន្តែរោមកន្ទុយខ្លីជាង Chao Hong Thong បន្តិច ក្នុងតម្លៃ ៥លានបាត (១៥ ម៉ឺនដុល្លារអាមេរិក)។
ប្រភព៖ Bangkok Post


0 Comments