អំណាច នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ ខុសគ្នាដូចម្តេច?


អំណាច នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ ខុសគ្នាដូចម្តេច?


ដោយ៖ សុខ គឹមសុងហេង… នៅក្នុងប្រទេសភាគច្រើនលើសកលលោក ត្រូវបានអនុម័តគោលការណ៍ នៃការបែងចែកអំណាច ចំណែកឯនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៍ដូច្នេះដែរ។​ ប៉ុន្តែក៍មិនមែនមានន័យថា នៅក្នុងនោះគេធ្វើតាមតែគ្នានោះទេ ហើយរចនាសម្ព័ន្ធអំណាចក៍ដូច្នេះដែរ។ ការបែងចែកអំណាច និងកាត់បន្ថយនូវអភ័យឯកសិទ្ធិឥស្សរជននយោបាយនៅក្នុងប្រទេសផ្សេងៗគ្នា អាស្រ័យទៅនឹងលក្ខណៈពិសេសរបស់ខ្លួន។ យ៉ាងណាមិញ លក្ខណៈរួមសំរាប់ប្រទេសប្រជាធិបតេយ្យទាំងអស់ ស្ថាប័នទាំងបីមានទំនាក់ទំនងគ្នាក្នុងភាព Check and Balances (ផ្តល់មតិ)។
ក.​ អំណាចនីតិបញ្ញត្តិ (  Legislative Power)
ត្រូវបានបង្គើតឡើងដោយឈរលើគោលការណ៍នៃច្បាប់មួយចំនួននៃច្បាប់រដ្ឋធម្មនុញ្ញ និងស្ថាប័កំពូលរបស់រដ្ឋ (ក្នុងសភានិយម) ដែលបង្គើតឡើងដោយការបោះឆ្នោតជាសកល។អំណាចនីតិបញ្ញតិ្តមានសិទ្ធកំណត់នូវគោលនយោបាយ ក្នុង​និង​ក្រៅប្រទេសរបស់ជាតិ។ ទីតាំងរបស់ស្ថាប័ននីតិបញ្ញត្តិ គឺរដ្ឋសភា។
ជាអំណាចកំពូល ដែលស្ដែងឡើងដោយឆន្ទៈរួមរស់របស់ប្រជាជនទាំងមូលនៅក្នុងរដ្ឋ។ អំណាចនេះជាអ្នកបង្កើតរដ្ឋធម្មនុញ្ញតាមឆន្ទៈរួម សំរាប់ឲ្យអង្គការនីតិប្រតិបត្ត​ និងវិនិច្ឆ័យយកទៅប្រើប្រាស់។ រដ្ឋសភាមិនត្រឹមតែបង្គើតច្បាប់ប៉ុណ្ណោះទេ តែថែមទាំងត្រួតពិនិត្យទៅលើសកម្មភាពរបស់អំណាចនីតិប្រតិបត្តិទៀតផង។ អំណាចនេះមានសិទ្ធលុប ឫកែប្រែច្បាប់ ប្រកាសសង្គ្រាម អនុម័តច្បាប់ថវិការជាតិ។ ក្នុងករណីមានការបំពានច្បាប់ សភាមានសិទ្ធកោះហៅអ្នកប្រតិបត្តិឲ្យបំភ្លឺនៅចំពោះមុខច្បាប់។ នៅក្នុងប្រទេសខ្លះ សភាដើរតួជាតុលាការវិនិច្ឆ័យទោសលើប្រធានាធិបតី អនុប្រធានាធិតី និងចៅក្រមទៀតផង។
ខ. អំណាចនីតិប្រតិបត្តិ ( Executive Power )
បើធ្វើការប្រៀបធៀបទៅនឹងអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ ខុសគ្នាត្រង់ សកម្មភាពការងារនៅក្នុងសង្គម។អំណាចនីតិប្រតិបត្តិ មានរដ្ឋាភិបាលជាអ្នកដោះស្រាយនូវបញ្ហាជាច្រើន ដែលនៅក្នុងនោះមានការទទួលខុសត្រូវលើវិស័យសេដ្ឋកិច្ច ផែនការកម្ម វប្បធម៍ សិក្សាធិការ ហិរញ្ញវត្ថុ ឧបត្ថម្ភដល់ការរស់នៅប្រចាំថ្ងៃ និងសេចក្ដីត្រូវការររបស់ប្រជាជន។ល ។
អំណាចនីតិប្រតិបត្តិជាអំណាចដែលត្រូវបានកំណត់សំរាប់ប្រតិបត្តិ តាមច្បាប់រដ្ឋធម្មនុញ្ញ។ អំណាចនេះត្រូវឋិតនៅក្រោមការចាត់ចែងរបស់ព្រះមហាក្សត្រ ឫប្រធានាធិបតី ឫនាយករដ្ឋមន្ត្រី។ ក្នុងអតីតកាល អំណាចនេះជាអំណាចផ្តាច់ការដែលតែងតែរំលោភទៅលើសង្គម ដោយមិនលំដាប់តាមច្បាប់។ តែនៅក្នុងគោលការណ៍នៃការបែងចែកអំណាចនីតិប្រតិបត្តិនេះ លែងមានតួនាទីដូចមុនទៀតហើយ។ រាល់សកម្មភាពរបស់ពួកគេ ត្រូវលំដាប់តាមច្បាប់ដែលឆ្លើយតបទៅនឹងឆន្ទៈសង្គម។
នៅក្នុងស្ថានភាពដែលអវត្តមានប្រព័ន្ធ Checks and Balances (ផ្តល់មតិ) អំណាចនីតិប្រតិបត្តិ ដោយមិនជៀសរួច និងដើរតួជំនួសនីតិបញ្ញត្តិ និងតុលាការ។ ដើម្បីកុំឲ្យព្រឹត្តិការណ៍នេះកើតឡើង គេមានវិធានការណ៍ជាពិសេស។ សកម្មភាពរបស់អំណាចនីតិប្រតិបត្តិ ត្រូវតែប្រព្រឹត្តទៅអនុលោមតាមច្បាប់ និងនៅក្នុងរង្វង់ច្បាប់។ ស្ថាប័ននេះគ្មានសិទ្ធិកំណត់អភ័យឯកសិទ្ធិរបស់ខ្លួន និងទាមទារឲ្យប្រជាពលរដ្ឋបំពេញនូវកាតព្វកិច្ចណាមួយដែលមិនបានពិនិត្យ និងអនុម័តដោយច្បាប់ទេ។ ស្ថាប័នមានតួនាទីសម្របសម្រួល និងទទួលខុសត្រូវចំពោះមុខតំណាងប្រជាជន ឫប្រធានាធិបតី អាស្រ័យទៅតាមប្រព័ន្ធនយោបាយរបស់រដ្ឋាភិបាល ដែលមានសិទ្ធគ្រប់គ្រងលើសកម្មភាពអំណាចនីតិប្រតិបត្តិ។
គ.អំណាចតុលាការ  ( Judicial Power )
ទំនាក់ទំនងស្ថាប័នតុលាការនៅក្នុងសង្គម មានទិសដៅលើរាល់សកម្មភាពទាំងឡាយ ដូចជាវិស័យសេដ្ឋកិច្ច វប្បធម៍ នយោបាយ។ល។ ដោយជួយឧបត្ថម្ភ និងជួយការពារសិទ្ធនិងសេរីភាពរបស់គេ។
តុលាការ គឺជាអំណាចដែលត្រូវបានកំណត់ឡើងសំរាប់វិនិច្ឆ័យស្វែងរកយុត្តិធម៍​ ក្នុងទំនាស់រវាងបុគ្គល និងបុគ្គលរវាងរដ្ឋ។ អំណាចតុលាការរ ជាអាជ្ញាកណ្ដាលនៅពេលដែលអំណាចនីតិបញ្ញត្តិ និងអំណាចនីតិប្រតិបត្តិមានទំនាស់នឹងគ្នា។ អំណាចតុលាការជាអំណាចឯករាជ្យ (មាត្រា ១២៨ ថ្មី  នៃរដ្ឋធម្មនុញ្ញ) ។ បំពេញមុខងារក្នុងអំណាចតុលារការនេះបានត្រឹមត្រូវគឺមានន័យថា សង្គមផ្គត់ផ្គង់បាននូវសន្តិសុខ យុត្តិធម៍ សមភាព និងសេរីភាពពលរដ្ឋ។ កិច្ចការរបស់តុលាការ គឺកាត់ក្ដីឲ្យបានត្រឹមត្រូវតាមច្បាប់ដែលបានអនុម័ត។
តុលាការមិនមែនជាស្ថាប័នចាប់ចងទេ ឫជាស្ថាប័នការពារសិទ្ធ នៅពេលដែលកើតឡើងនូវការរំលោភសិទ្ធ។

Post a Comment

0 Comments