យោធាផ្តាយមួយមកពីកោះត្រល់ រៀបរាប់ពីផែនការហូជីមិញ ពេលប៉ុលពតចាប់បាន


យោធាផ្តាយមួយមកពីកោះត្រល់ រៀបរាប់ពីផែនការហូជីមិញ ពេលប៉ុលពតចាប់បាន


ត្រិន ង៉ុកតាយ ពលទោផ្កាយ១ យោធាស្រុកកោះត្រល់រៀបរាប់អំពីផែន​ការដែលវៀតណាមចង់​ធ្វើឱ្យមាននូវ​ឥណ្ឌូចិនឡើងវិញ ហើយមានតែខ្មែរទេដែលមិនព្រម បើមិនព្រមគឺត្រូវវៃបញ្ចូល ហើយវៀតណាម​ជាអ្នកគ្រប់​គ្រង។
ត្រិន ង៉ុកតាយ ភេទប្រុស មានស្រុកកំណើតនៅភូមិធីត្រិន ឃុំយឿងដុង ស្រុកកោះត្រល់ ខេត្តក្រមួនស ប្រទេស​វៀត​ណាម​ខាងត្បូង។ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៧៦ ង៉ុកតាយ បានស្ម័គ្រចិត្តចូលបម្រើកងទ័ពវៀតណាម។ ពេល​នោះ ថ្នាក់លើបានចាត់តាំង ង៉ុកតាយ ឲ្យរៀនសូត្រវគ្គបច្ចេកទេសយោធា និងនយោបាយ​អស់រយៈពេល​មួយខែ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកោះត្រល់តែម្តង។
បន្ទាប់មកមាន ឈ្មោះ ត្រិន រ៉ឹកស៊ី ហៅ ណាម ស៊ី នាទីអនុសេនីយ៍ផ្កាយ២ និងជាអនុប្រធានស្រុកកោះត្រល់ ព្រម​ទាំង​មេបញ្ជាការផ្ទាល់របស់ ង៉ុកតាយ ដែលជាអ្នកដឹកនាំ ង៉ុកតាយ និងអ្នកផ្សេងទៀតក្នុង​ការរៀនសូត្រ​នេះ​។ ណាម ស៊ី បានលើកយកផ្នែកនយោបាយ មាគ៌ាយុទ្ធសាស្រ្តរបស់បក្សកុម្មុយនីស្តវៀតណាម ដែលជាបក្ស​ឥណ្ឌូចិនពីមុន មកឧទ្ទេសនាមថា ហូជីមិញ បានបង្កើតបក្សកុម្មុយនីស្តឥណ្ដូចិន​ចាប់តាំងពីឆ្នាំ​១៩៣០ សម្រាប់​ទុកឲ្យវៀតណាមយើងសព្វថ្ងៃនេះ។
ណាម ស៊ី បានបន្ថែមថា យើងជារៀមច្បងគេនៅឥណ្ឌូចិន ហើយមាគ៌ាជាយុទ្ធសាស្រ្តរបស់​បក្សកុម្មុយនីស្ត​ឥណ្ឌូ​ចិន ត្រូវតែបង្កើត​សហព័ន្ធឥណ្ឌូចិនឡើង នៅពេលដែលប្រទេសទាំងអស់នៅក្នុងឥណ្ឌូចិនបាន​រំដោះពី​ចក្រ​ព​ត្តិ​។ មិនត្រឹមតែប៉ុណ្ណោះ ណាម ស៊ី បានបញ្ជាក់ថា ចំពោះយើងជាជនជាតិវៀតណាម និងជារៀមច្បងគឺ​ត្រូវតែ​គ្រប់គ្រង​ត្រួតត្រាប្រទេសដែលជាប្អូនៗនៅក្នុងសហព័ន្ធឥណ្ឌូចិននេះ។
នៅខែមេសា ឆ្នាំ១៩៧៥ ប្រទេសទាំងអស់នៅឥណ្ឌូចិនត្រូវបានរំដោះពីនឹមចក្រពត្តិអាមេរិក ពេលនោះ ណាម ស៊ី បានលើកយកបណ្តាំ ហូជីមិញ មកអនុវត្តដោយចាប់បង្ខំប្រទេសជាប្អូនៗ ឲ្យរួមគ្នាធ្វើជាសហព័ន្ធ​ឥណ្ឌូចិន​ឡើង។ ប៉ុន្តែ ប្រទេសកម្ពុជាដែលជាប្អូនមួយដែរ បែរជាមិនព្រមធ្វើតាម និងមិនព្រមដើរតាមបក្ស​កុម្មុយនីស្តវៀត​ណាមយើង។
ប្រទេសកម្ពុជាបានដើរតាមគោលនយោបាយរបស់បក្សកុម្មុយនីស្តមួយផ្សេងទៀត ដាច់ដោយឡែកពី​គោល​គំនិត​​នៃបណ្តាំ ហូជីមិញ យើងទៅវិញ។ ដូច្នេះ ណាម ស៊ី បានបញ្ជាក់ថា បក្សកុម្មុយនីស្តវៀតណាមយើងត្រូវតែ​វាយបង្ខំកម្ពុជា ឲ្យចូលជាសហព័ន្ធឥណ្ឌូចិនទាល់តែបាន ដោយ ណាម ស៊ី លើកឡើងថា កងកម្លាំងប្រមូល​ផ្តុំរវាង​កងទ័ពវៀតណាមខាងជើង និងខាងត្បូងបានស្រុះស្រួលគ្នារួចរាល់ហើយ ដូចនេះយើងត្រូវវាយ​ប្រទេស​កម្ពុជា​ឲ្យចុះញោមព្រមចូលជាសហព័ន្ធឥណ្ឌូចិន ដែលមានវៀតណាមយើងជាអ្នកគ្រប់គ្រង។ ម្យ៉ាងទៀត ណាម ស៊ី បានក្រើនរំលឹកទៅបក្ខពួករបស់គេថា ប្រសិនបើយើងវាយបានប្រទេសកម្ពុជា ឥទ្ធិពលរ​បស់​​ប្រទេស​វៀត​ណាមទាំងផ្នែកនយោបាយ និងយោធា ត្រូវបានជះឥទ្ធិពលទៅលើអាស៊ីអាគ្នេយ៍ អ្វីដែល​ពិ​សេស​ជាងនេះ​ទៅ​ទៀត ប្រទេសដែលនៅក្នុងឥណ្ឌូចិនមិនចាំបាច់មានព្រំដែនអ្វីទៀតនោះទេ។
ឥណ្ឌូចិនត្រូវតែមានប្រទេសតែមួយ មានប្រជាជនតែមួយ រដ្ឋអំណាចតែមួយ កងទ័ពតែមួយ ដែលប្រទេសវៀត​ណាម​យើងជាអ្នកដឹកនាំ។ ជាពិសេសភោគទ្រព្យនៅកម្ពុជា ត្រូវធ្លាក់ក្នុងកណ្តាប់នៃយើងដូចជា ព្រៃឈើ បឹងបួរ ត្រីសាច់ ដីស្រែដ៏មានជីជាតិ កៅស៊ូ និងរ៉ែជាដើម។
បន្ទាប់ពីរៀនសូត្រចប់ ង៉ុកតាយ ត្រូវបានថ្នាក់លើចាត់តាំងឲ្យនៅការពារសាលាស្រុកកោះត្រល់។ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៧៨ ឈ្មោះ អែម ចឹមក្វាត នាទីអនុសេនីយ៍ផ្កាយ១ និងឈ្មោះ ងៀង វ៉ាន់ដូវ នាទីអនុសេនីយ៍ បានហៅ ង៉ុកតាយ និងបក្ខពួកដើម្បីប្រគល់ភារកចិ្ចឲ្យធ្វើ ដោយចាត់តាំង ង៉ុកតាយ ធ្វើជាអ្នកស៊ើបការនៅ​កោះ​ពូលូវ៉ៃ ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ ណាម ស៊ី បាននាំយកអាជ្ញាសឹកចាត់តាំងពីវរសេនីយ៍ផ្កាយ១ ឈ្មោះ ណាម លន់ នាទីលេខាស្រុក មកប្រគល់ឲ្យ ង៉ុកតាយ, អែម ចឹមក្វាត, និង ងៀង វ៉ាន់ដូវ ដើម្បីចាត់តាំងអ្នកទាំង​អស់​នោះ ទៅស៊ើបការនៅកោះពូលូវ៉ៃជាបន្ទាន់។ ណាម ស៊ី បានណែនាំ ង៉ុកតាយ និងបក្ខពួក ថា ត្រូវរកទីតាំង​បោះទ័ពកម្ពុជាឲ្យឃើញ និងត្រូវស៊ើបអំពីកប៉ាល់ ថា តើមានធុនអ្វីខ្លះ ហើយមានប៉ុន្មានគ្រឿង មានកាំភ្លើងអ្វីខ្លះ និងត្រូវក្តាប់សភាពការនៅកោះពូលូវ៉ៃប្រចាំថ្ងៃឲ្យបាន។
បន្ទាប់ពី ង៉ុកតាយ និងបក្ខពួកទទួលភារកិច្ចរួចរាល់ហើយ ក៏បានចេញដំណើរទៅកោះពូលូវ៉ៃ ហើយបាន​ក្លែងខ្លួន​ធ្វើជាអ្នកនេសាទត្រី ដោយជិះទូកម៉ាស៊ីនលេខ៦៨៥ ឆ្ពោះទៅកោះពូលូវ៉ៃ។ នាពេលនោះ ង៉ុកតាយ និងបក្ខ​ពួកបានជិះទូកជិតទៅដល់កោះ ស្រាប់តែមានកប៉ាល់កម្ពុជាព័ទ្ធជុំវិញ ង៉ុកតាយ និងបក្ខពួក រួចបានចាប់​ខ្លួនយក​ទៅ​នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៧៨៕
អត្ថបទនេះដកស្រង់ចេញពី ស្វែងរកការពិត

Post a Comment

0 Comments