អត្ថបទដកស្រង់ល្អៗចែកគ្នាអានពេលព្រឹក៖
-------------------------------------
មានបុរស់ស្រុកស្រែ២នាក់ នាំគ្នាទៅរកការងារធ្វើនៅទីក្រុង។ ម្នាក់តាំងចិត្តទៅទីក្រុងខាងជើង ឯម្នាក់ទៀតចង់ទៅទីក្រុងខាត្បូង។ នៅពេលអ្នកទាំង២កំពុងអង្គុយចាំរថភ្លើង ស្រាប់តែអ្នកដំណើរនាំគ្នាជជែកពីរឿងរ៉ាវរបស់ទីក្រុងទាំងពីរដែលពួកគេនឹងទៅនោះ។ គេនាំគ្នានិយាយថា នៅភាគខាងត្បូងសម្បូរមនុស្សឈ្លាសវៃពូកែរកសុីណាស់ សូម្បីតែអ្នកដំណើរសួរផ្លូវក៏ទារលុយដែរ។ ចំណែកឯនៅភាគខាងជើងវិញ សំបូរមនុស្សស្លូតត្រង់ចិត្តល្អ បើសិនជាគេឃើញអ្នកណាក្រីក្រគ្មានបាយហូប ពួកគេក៏យកម្ហូបអាហារ ឬយកសម្លៀកបំពាក់មកអោយជាដើម។
បុរស់ទី១ ដែលពីមុនតាំងចិត្តទៅទិសខាងត្បូង បានលឺគេនិយាយដូច្នោះ ក៏គិតប្តូរចិត្តទៅទិសខាងជើងវិញម្តងប្រសើរជាង ទោះជារកលុយមិនបានក៏មិនដល់ថ្នាក់អត់ឃ្លានស្លាប់ដែរ គេគិតក្នុងចិត្តថា សំណាងហើយរថភ្លើងមិនទាន់ចេញ កុំអីដូចជាទៅស្លាប់ចោលឆ្អឹងនៅឋាននរកមិនខាន។
ឯបុរស់ទី២ ដែលធ្លាប់តាំងចិត្តទៅទិសខាងជើងបានលឺដូចគ្នាដែរបែជាគិតផ្សេងទៅវិញ អ៉ើអញគួរតែទៅរកសុីនៅទិញខាងត្បូងវិញប្រសើរជាង បើគ្រាន់តែប្រាប់ផ្លូវទៅអ្នកដទៃក៏អាចរកលុយបានទៅហើយនោះ តើមានរឿងអីថាយើងរកលុយមិនបាន សំណាងហើយរថភ្លើងមិនទាន់ចេញ បើមិនអញ្ចឹងទេច្បាស់ជាបាត់បង់ឱកាស់ល្អនេះមិនខានឡើយ។ នៅពេលម្នាក់គិតហើយដឹងរឿងគ្នាទៅវិញទៅមក ពួកគេក៏ប្តូរសំបុត្ររថភ្លើងគ្នាក្នុងពេលនោះតែម្តងទៅ។
បុរស់ដែលប្តូរទៅទិសខាងជើង ទៅដល់ក៏ប្រទះឃើញថាល្អដូចជាគេនិយាយមែន។ ថ្ងៃដំបូងទៅដល់គេមិនបានធ្វើការអ្វីសោះ តែក៏មិនដែលអត់បាយមួយពេលណាដែរ មិនត្រឹមតែនៅតាមធនាគារមានទឹកអោយផឹកហ្រ្វីៗនោះទេ នៅតាមភោគជ្ជនីដ្ឋានក៏មានអាហារត្រៀបត្រាដាក់ទាក់ទាញអោយភ្ញៀវភ្លក់ទទេជាច្រើនកន្លែងផងដែរ បុរសម្នាក់នោះគិតថាវាជាទីកន្លែងសុខសាន្តរបស់គាត់ហើយ។
ចំណែកបុរស់ដែលប្តូរសំបុត្រទៅទិសខាងត្បូងវិញក៏ប្រទះឃើញថា ក្រុងនេះគឺមានផ្លូវរកសុីច្រើនមែន មិនថាធ្វើអ្វីក៏សុទ្ធជាលុយកាក់ទាំងអស់។ ធ្វើជាអ្នកនាំផ្លូវក៏អាចរកលុយបាន បើកបន្ទប់ទឹកសាធារណះក៏អាចរកលុយបាន រកអាងទឹកមួយទុកអោយមនុស្សលុបមុខក៏អាចរកលុយបានដែរ អោយតែចេះប្រើខួរក្បាលគិតហើយចុះកម្លាំងបន្តិចបន្ទួចគឺរកលុយបានហើយ។ ដោយសារតែខ្លួនជាអ្នកស្រុកស្រែយល់ដឹងពីប្រភេទដីច្បាស់លាស់ ដល់ថ្ងៃទី២ គេទៅរកដីនៅការដ្ឋានសំណង់លាយជាមួយខ្សាច់ ច្របល់ជាមួយស្លឹកឈើ ហើយច្រកថង់ធ្វើជាដីសម្រាប់ដាំផ្ការ ហើយដឹកជញ្ជូនទៅដល់ស្រ្តីមេផ្ទះដែលចូលចិត្តដាំផ្ការតែមិនយល់ពីស្ថានភាពដី។ បុរស់ទី២ រត់ចុះរត់ឡើងតែប៉ុន្មានត្រឡប់ក្នុងមួយថ្ងៃគេក៏អាចរកប្រាក់បានច្រើនគួរសមដែរ។
១ឆ្នាំក្រោយមក គេបានដើរសង្កេតមើលនៅតាមហាងទំនិញនានា បានឃើញស្លាកឃោសនាជាច្រើនដែលមានសភាពកខ្វក់ គេក៏សើបសួរទើបដឹងថាក្រុមហ៊ុនសំអាតគេសម្អាតតែអាគារមិនសំអាតស្លាកឃោសនាទេ។ មិនបង្អង់យូរ គេក៏ទៅទិញជណ្តើរ ធុងទឹកនិងកន្សែងដើម្បីសុីឈ្នួលសម្អាតស្លាក់ឃោសនា បន្ទាប់មកគេបានបើកជាក្រុមហ៊ុនតូចមួយទទួលសម្អាតស្លាកឃោសនាដែលមានបុក្ខលិកប្រមាណជា ២០០នាក់។ មុខរបរនេះបានពង្រីកទៅដល់ទីក្រុងក្បែរៗនោះផងដែរ ហើយគេបានក្លាយទៅជាម្ចាស់អាជីវកម្មដ៏ធំមួយ។ ប៉ុន្មានឆ្នាំក្រោយមក គេបានជិះរថភ្លើងទៅទីក្រុងខាងជើងដើម្បីរកមើលថាតើខ្លួនអាចពង្រីកការងារនៅទីនោះបានដែរឬទេ?
នៅស្ថានីយ៏រថភ្លើងខណះពេលដែលគាត់បោះកំប៉ុងភេសជ្ជះដែលគាត់ផឹកអស់ទៅក្នុងធុងសម្រាម ស្រាប់តែមានដៃមួយលូកមកចាប់សុំកំប៉ុងរបស់គាត់។ នៅពេលដែលគាត់កំពុងហុចកំប៉ុងអោយ បុរស់ទាំង២ក្រលេចឃើញមុខគ្នាក៏បើកភ្នែកធំៗដាក់គ្នា ម្នាក់ៗស្រឡាំងកាំង ព្រោះពួកគេទាំង២ជាបុរស់ដែលបានប្តូរសំបុត្ររថភ្លើងគ្នាកាលពី៥ឆ្នាំមុននោះឯង។
_______________________________________
នៅលើវិថីជីវិត ចំនុចដំបូងដែលចាប់ផ្តើមខុសគ្នា តែងតែធ្វើអោយឱកាសដែលគេរកឃើញខុសគ្នាតាមនឹងដែរ។ ឱកាសមានគ្រប់ទីកន្លែងសម្រាប់មនុស្សមានសកម្មភាពប្រឹងប្រែង មានបំណងប្រាថ្នា មានឧត្តមគតិពុះពារព្យាយាមស្វែងរកដោយគំនិតឆ្នៃប្រឌិត។ មនុស្សជំពូកនេះតែងតែឈ្លាសវៃក្នុងការស្វែងរកឱកាសដើម្បីកែប្រែឋាន:ជីវភាពរបស់គេអោយប្រសើរឡើងជានិច្ច។
ថ្វីត្បិតតែមានពាក្យថាលុយរត់រកមនុស្ស តែលុយមិនមែនចេះតែរត់រកមនុស្សគ្រប់គ្នានោះទេ។ មនុស្សដែលចេះគិតមមៃរឿងឱកាសការងារ ទោះបីរត់តុតុ លក់អាហារតាមផ្លូវ ឬលក់ជជុះអនឡាញក្តី គេក៏នឹងរមែងរកឃើញឱកាសនិងទីផ្សារជាបន្តបន្ទាប់។ តែមនុស្សដែលគិតមមៃតែរឿងសុំ គេក៏ចេះតែរឿងសុំអញ្ចឹងរហូតទៅ។
“មនុស្សភាគច្រើនតែងតែទម្លាក់កំហុសលើស្ថានភាពថាបានមកកំណត់ជោកជាតារបស់ខ្លួនអោយទៅជាយ៉ាងនេះឬយ៉ាងនោះ តែអ្នកសម្រេចជោគជ័យលើលោកនេះ គឺអ្នកដែលក្រោកឈរដើរទៅរកស្ថានភាពដែលគេចង់បាន ឬបើសិនជារកមិនឃើញទេ ក៏គេនឹងបង្កើតវាឡើងដោយខ្លួនឯង”៕
#SHARE



0 Comments