មន្រ្តីនគរបាលយុត្តិធម៌៖ ការឃាត់ខ្លួនជនល្មើស


មន្រ្តីនគរបាលយុត្តិធម៌៖ ការឃាត់ខ្លួនជនល្មើស


យើងដឹងហើយថា នគរបាលយុត្តិធម៌មានតួនាទី ជាអ្នកធ្វើការត្រួតពិនិត្យបទល្មើសឧក្រិដ្ឋ មជ្ឈឹម និងលហុ ហើយកំណត់អត្តសញ្ញាណ ចាប់ជនល្មើស ព្រមទាំងប្រមូលភស្តុតាង។ ជាពិសេសនគរបាលយុត្តិធម៌ ជាអ្នកបង្គ្រាបបទល្មើស និងថែរក្សាសណ្តាប់ធ្នាប់នូវក្នុងសង្គម។ ថ្ងៃនេះ ខ្ញុំបាទ ចង់លើកយកនូវចំណុចមួយនៃតួនាទីរបស់នគរបាលយុត្តិធម៌ គឺការឃាត់ខ្លួនជនល្មើស ហើយខាងក្រោមនេះ ជាសំណួរមួយចំនួនទាក់ទងទៅនឹងការឃាត់ខ្លួនជនល្មើសរបស់នគរបាលយុត្តិធម៌៖
តើអ្វីទៅជាការឃាត់ខ្លួន?
ដើម្បីឆ្លើយតបនឹងតម្រូវការចាំចាច់នៃការស៊ើបអង្កេត មន្រ្តីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលសង្ស័យថាបានចូលរួមក្នុងបទល្មើស និងបុគ្គលដែលអាចផ្តល់ព័ត៌មានស្តីពីរឿងហេតុ។ ការឃាត់ខ្លួនអាចធ្វើទៅបានលុះត្រាតែបុគ្គលនោះប្រកែកមិនព្រមផ្តល់ព័ត៌មាន និងមានការយល់ព្រមជាលាយលក្ខណ៍ជាអក្សរ ឲ្យធ្វើការឃាត់ខ្លួន ពីព្រះរាជអាជ្ញា។ នៅពេលមានការឃាត់ខ្លួន មន្ត្រីនគរបាលយុត្តិធម៌ត្រូវរាយការណ៍ជូនព្រះរាជអាជ្ញាភ្លាម (មាត្រា ៩៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ)។
ក្រៅពីមន្រ្តីនគរបាលយុត្តិធម៌ តើប្រជាពលរដ្ឋ អាចធ្វើការចាប់ខ្លួនជនល្មើសបានដែរឬទេ?
នៅក្នុងករណីបទឧក្រិដ្ឋ ឬបទមជ្ឈឹមជាក់ស្តែង គ្រប់បុគ្គលទាំងអស់អាចចាប់ខ្លួនជនល្មើស ហើយនាំទៅប្រគល់ជូនមន្រ្តីនគរបាលយុត្តិធម៌ ដែលនៅជិតបំផុត (មាត្រា ៨៧នៃក្រមនីតិវិធីព្រហ្មទណ្ឌ)។ មានន័យថា បុគ្គលដែលឃើញ ឬនៅកន្លែងកើតហេតុ មានសិទ្ធិចាប់ខ្លួនជនល្មើសបាន អោយតែជាបទឧក្រិដ្ឋ ឬបទមជ្ឈឹមជាក់ស្តែង ប៉ុន្តែមិនមានសិទ្ធិវាយដំ ឬទាល់ធាក់ ឬក៏ចាប់ចងជនល្មើសទុកចោលដោយមិនប្រគល់ជូនមន្រ្តីនគរបាលយុត្តិធម៌ទេ គឺត្រូវតែប្រគល់ជូនមន្រ្តីនគរបាលយុត្តិធម៌ ដែលនៅជិតបំផុត។
តើការឃាត់ខ្លួនជនល្មើស ក្នុងបទល្មើសជាក់ស្តែង និងបទល្មើសមិនជាក់ស្តែង មាននីតិវិធីបែបណា?
ប្រ​សិន​ការ​ប្រព្រឹត្ត​បទល្មើស ជាបទល្មើស​ជាក់ស្តែង​ គឺ​មន្ត្រី​នគរបាល​យុតិ្តធម៌​អាច​ធ្វើការ​ឃាត់​ខ្លួន​ដោយ​មិន​ចាំបាច់​ស្នើសុំ​ដីកា​ពី​ព្រះរាជអាជ្ញា​នោះ​ឡើយ។ មានន័យថា​ត្រូវ​ធ្វើ​ការ​ចាប់​ខ្លួន​ជនល្មើស ឬ​ជនសង្ស័យ​នោះ​នៅ​ហ្នឹង​កន្លែង​ជាក់ស្តែង​តែ​ម្តង។
ប៉ុន្តែបើ​បទល្មើស​មិន​ជាក់ស្តែង​វិញ គឺសមត្ថកិច្ច​នគរបាល​យុត្តិធម៌​ត្រូវតែ​ស្នើសុំ​ដីកា​ចាប់​ខ្លួន​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​សុំ​ដីកា​ចេញ​ចាប់​ខ្លួន​ជនល្មើស​ ឬ​ជនសង្ស័យ​នោះ។ បន្ទាប់ពី​ទទួល​​បាន​ដីកា​ពី​ព្រះរាជអាជ្ញា​ហើយ​នោះ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ចាប់​ខ្លួន​ជនល្មើស​បញ្ជូន​ទៅ​កាន់​ ប៉ុស្តិ៍/ស្ថានីយ​នគរបាល​យុត្តិធម៌​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​សាកសួរ និង​រៀបចំ​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ធ្វើការ​សាកសួរ និង​សម្រេច​តាម​ច្បាប់។
តើថិរវេលា​នៃការឃាត់ខ្លួន មានរយៈពេលប៉ុន្មាន?
នៅ​ក្នុង​ដំណាក់កាល​ឃាត់​ខ្លួន​ ថិរវេលានៃការឃាត់ខ្លួន គឺ ៤៨ម៉ោង គិតចាប់ពីពេលដែលសាមីខ្លួនមកដល់អង្គភាព នគរបាល ឬកងរាជអាវុធហត្ថ។
តើមានលក្ខខណ្ឌបែបខ្លះ ទើបអាចពន្យាពេលនៃការឃាត់ខ្លួនបាន?
ការពន្យាពេលនៃការឃាត់ខ្លួន ចំនួន ២៤ម៉ោងទៀត អាចធ្វើទៅបានលុះត្រាតែមានលក្ខខណ្ឌដូចតទៅ៖
  • មានតម្រុយបង្ហាញឲ្យឃើញថាមានពិរុទ្ធភាពលើបុគ្គលដែលឃាត់ខ្លួន ជានីតិជន ក្នុងបទឧក្រិដ្ឋ។
  • ការពន្យាពេលជាវិធានចាំបាច់ ដើម្បីការស៊ើបអង្កេតប្រព្រឹត្តទៅបានល្អ។
  • ការអនុញ្ញាតដោយព្រះរាជអាជ្ញា ជាលាយលក្ខណ៍អក្សរ និងមានសំអាងហេតុ។
បន្ទាប់ពីឃាត់ខ្លួនហើយ រកមិនឃើញថាមានបទល្មើស តើជនដែលត្រូវបានឃាត់ខ្លួន អាចរួចខ្លួនដែរឬទេ?
បើនៅដំណាក់កាល​សាកសួរ​នៅ​នគរបាល​យុត្តិធម៌​នោះ​ប្រសិន​រក​មិន​​ឃើញ​មាន​បទល្មើស ឬ​មិន​មាន​ភស្តុតាង​​នោះ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​អាច​សម្រេច​ដោះលែង​ជនសង្ស័យ​នោះ​ឲ្យ​មាន​សេរីភាព​វិញ​បាន។ តែ​បើ​រកឃើញ​មាន​បទល្មើស ឬ មាន​ភស្តុតាង​គ្រប់គ្រាន់​នោះ​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​សម្រេច។
នៅពេល​បញ្ជូន​ទៅ​សាកសួរ​នៅ​តុលាការ​ប្រសិន​បើ​ព្រះរាជអាជ្ញា​រក​មិន​ឃើញ​នូវ​បទល្មើស​នោះ​ព្រះរាជអាជ្ញា​ត្រូវ​សម្រេច​មិន​ចោទប្រកាន់ និង​ដោះលែង​ជនសង្ស័យ​នោះ​ឲ្យ​មាន​សេរីភាព​វិញ​ភ្លាម។ តែ​ប្រសិន​រកឃើញ​មាន​នូវ​តម្រុយ​នៃ​បទល្មើស​នោះ​ព្រះរាជអាជ្ញា​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​នោះ និង​បញ្ជូន​បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​សម្រេច​ឃុំ​ខ្លួន​តាម​ច្បាប់។
តើជនល្មើសដែលជាអនីតិជន អាចត្រូវបានឃាត់ខ្លួនដែរឬទេ?
ចំពោះការឃាត់ខ្លួនអនីតិជនអាចធ្វើទៅបានចំពោះតែអនីតិជនដែលមានអាយុចាប់ពី ១៤ឆ្នាំឡើងប៉ុណ្ណោះ។ មានន័យថា អនីតិជនដែលមានអាយុក្រោម ១៤ឆ្នាំ គឺមិនត្រូវបាននគរបាលយុត្តិធម៌ ធ្វើការឃាត់ខ្លួនបានទេ។ ប៉ុន្តែអនីតិជនដែលមានអាយុក្រោម ១៨ឆ្នាំ អាចធ្វើការឃាត់ខ្លួន ហើយថរិវេលានៃការឃាត់ខ្លួនមានការប្រែប្រួលទៅតាមប្រភេទនៃបទល្មើស ដូចខាងក្រោម៖
ចំពោះបទឧក្រិដ្ឋ
  • អនីតិជនដែលមានអាយុ ១៤ឆ្នាំ ដល់ក្រោម ១៦ឆ្នាំ មិនហួសពី ៣៦ម៉ោង
  • អនីតិជនដែលមានអាយុ ១៦ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ មិនហួសពី ៤៨ម៉ោង
ចំពោះបទមជ្ឈឹម
  • អនីតិជនដែលមានអាយុពី ១៤ឆ្នាំ ដល់ក្រោម ១៦ឆ្នាំ មិនហួសពី ២៤ម៉ោង
  • អនីតិជនដែលមានអាយុពី ១៦ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ មិនហួសពី ៣៦ម៉ោង
តើជនដែលត្រូវបាន OPJ ឃាត់ខ្លួន មានសិទ្ធិសុំជំនួយអ្វីខ្លះ?
យោងទៅតាមមាត្រា ៩៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ កាល​ណា​មាន​ការ​ឃាត់​ខ្លួន​បុគ្គល​ណា​មួយ​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​ឲ្យ​ដំណឹង​ជា​បន្ទាន់​អំពី​សេចក្តី​សម្រេច​របស់​ខ្លួន​នោះ​ដោយ​ប្រាប់​បាន​ឲ្យ​ដឹង​ពី​មូលហេតុ​នៃ​សេចក្តី​សម្រេច​ឃាត់​ខ្លួន​នេះ។ មន្ត្រី​នគរបាល​យុត្តិធម៌​ប្រាប់​សាមី​ខ្លួន​ឲ្យ​បាន​ដឹង​ផង​ដែរ​អំពី​សិទ្ធិ​ដែល​បាន​ចែង​នៅ​មាត្រា ៩៨ នៃ​ក្រម​នេះ។ ក្នុង​ករណី​ចាំបាច់​មន្ត្រី​នគរបាល​យុត្តិធម៌​អាច​ហៅ​រក​អ្នក​បកប្រែ។
ក្នុងរយៈពេលនៃការឃាត់ខ្លួន បុគ្គលដែលឃាត់ខ្លួនមានសិទ្ធិសុំសន្ទនាជាមួយមេធាវី ឬជាមួយជនណាម្នាក់ដែលខ្លួនជ្រើសរើស កុំឲ្យតែជននោះមានទាក់ទិននៅក្នុងរឿងជាមួយគ្នា។ ទំនាក់ទំនងនេះ អាចធ្វើបានក្នុងរយៈពេល ២៤ម៉ោង បានកន្លងផុតទៅ តាំងពីពេលផ្តើមនៃការឃាត់ខ្លួនមក។ ការសន្ទនាមានរយៈពេល ៣០នាទី (មាត្រា ៩៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ)។
ក្រៅពីនេះ ការទទួលជំនួយពីគ្រូពេទ្យក្នុងឃាត់ខ្លួន ក៏អាចធ្វើបានដែរតាមការស្នើសុំរបស់ព្រះរាជអាជ្ញា ឬមន្រ្តីនគរបាលយុត្តិធម៌ (មាត្រា ៩៩ នៃក្រមនីតិវិធិព្រហ្មទណ្ឌ)។ សម្រាប់ការឃាត់ខ្លួនអនីតិជន មន្រ្តីនគរបាលយុត្តិធម៌ត្រូវជូនព័ត៌មានតាមគ្រប់មធ្យោបាយដល់ ឪពុកម្តាយ ដល់តំណាងស្របច្បាប់ ឬដល់អ្នកទទួលភារកិច្ចលើអនីតិជន។
តើកំណត់ហេតុស្តីពីការឃាត់ខ្លួនរបស់នគរបាលយុត្តិធម៌ មានចុះនូវនិទ្ទេសអ្វីខ្លះ?
មន្ត្រី​នគរបាល​ធ្វើ​កំណត់​ហេតុ​ស្តីពី​ការ​ឃាត់​ខ្លួន​ជា​បន្ទាន់​ដោយ​ចុះ​សេចក្តី​ដូច​តទៅ៖
  • ឈ្មោះ​ និង​ឋានៈ​មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​មាន​បង្គាប់​ឲ្យ​ឃាត់​ខ្លួន
  • អត្តសញ្ញាណ​នៃ​បុគ្គល​ដែល​ត្រូវ​ឃាត់​ខ្លួន
  • មូលហេតុ​នៃ​ការ​ឃាត់​ខ្លួន
  • ថ្ងៃ ខែ ឆ្នាំ​ និង​ម៉ោង​ដែល​ផ្តើម​ចាប់​ខ្លួន
  • ការ​ឲ្យ​ដំណឹង​អំពី​សិទ្ធិ​ដែល​បាន​បញ្ញតិ្ត​នៃ​មាត្រា ៩៨ នៃ​ក្រម​នេះ
  • ជាយថាហេតុ​ ឈ្មោះ​អ្នក​បកប្រែ។
កំណត់​ហេតុ​នេះ​ត្រូវ​តែ​ចុះហត្ថលេខា ឬផ្តិតម្រាមដៃរបស់ជនឃាត់ខ្លួន ក្រោយពីបានអានកំណត់ហេតុរួច ឬបើសាមីខ្លួនមិនចេះអក្សរ មន្រ្តីនគរបាលយុត្តិធម៌ត្រូវអានកំណត់ហេតុឲ្យស្តាប់។ ប្រសិនបើជននេះប្រកែកមិនព្រមចុះហត្ថលេខា ឬផ្តិតម្រាមដៃទេ មន្ត្រីនគរបាលយុត្តិធម៌ត្រូវចុះនិទ្ទេស។ កំណត់ហេតុត្រូវភ្ជាប់ជាមួយសំណុំរឿង។
អត្ថបទ៖ វេង គួងហេង

Post a Comment

0 Comments